នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសយក ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ដែលប្រជុំនោះនឹងមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា ពីបណ្ដាប្រទេសផ្សេងៗប្រមាណ៤០ប្រទេសដែលចូលរួម។
សម្ដេចតេជោថ្លែងដោយក្តីមោទនភាព ចំពោះការវិវឌ្ឍនៃការប្រមូលពន្ធរបស់កម្ពុជា។
សម្ដេចបន្តថា ពីដើមការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជា គឺពិតវេទនាណាស់វេទនាត្រង់ថា ប្រាក់ខែតិចហើយ អត់មានលុយបើកឱ្យមន្ត្រីរាជការទៀត ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីរាជការក្នុងមួយខែបានបើកប្រាក់រហូតទៅដល់២ដង និងការអនុវត្តបើប្រាក់ខែតាមប្រព័ន្ធធនាគារទៀត ដែលមានភាពងាយស្រួលជាងពីមុនឆ្ងាយណាស់។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ប្រសិនបើមិនធ្វើកំណែទម្រង់ជាបន្តបន្ទាប់ទេ នោះ ប្រហែលជាវិស័យពន្ធដារយើងមិនមានការវិវឌ្ឍដូចសព្វថ្ងៃនេះទេ។
សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យកត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ៕